សម្រាប់អ្នកដែលមានជីវភាពមធ្យមមិនមានបញ្ហាអ្វីទេ តែចំពោះនិស្សិតខ្មែរមួយចំនួន ជាពិសេសអ្នកនៅតាមបណ្ដាខេត្ត ដែលគ្រួសារមានជីវភាពខ្សត់ខ្សោយ ពិតណាស់បញ្ហាលុយបង់ថ្លៃឲ្យកូនបានចូលរៀននៅសាកលវិទ្យាល័យ អាចក្លាយជាឧបសគ្គមួយ រាំងស្ទះដល់ការសិក្សាជាមិនខាន។
ស្របពេលជាមួយគ្នាដែរ គេក៏ឃើញមាននិស្សិតខ្លះបានបោះបង់ការសិក្សា ឯអ្នកខ្លះទៀតសុខចិត្តរត់ទៅធ្វើការងារសិន ក្រោយពេលបានប្រាក់មក ទើបបង់លុយថ្លៃសាលាចូលរៀននៅសាកលវិទ្យាល័យតាមក្រោយ។
តើនិស្សិតខ្មែរដែលគ្មានលទ្ធភាពបង់ថ្លៃសាលាចូលរៀននៅសាកលវិទ្យាល័យ គួរតែបោះបង់ការសិក្សា ឬព្យួរការសិក្សា ហើយទៅស្វែងរកការងារសិនដើម្បីបានប្រាក់មក ទើបបន្តការសិក្សារបស់ខ្លួន ដោយបណ្ដោយឲ្យខាតពេលវេលាសិក្សាបែបហ្នឹងទៀតឬទេ?
ខណៈពេលដែលសព្វថ្ងៃស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគាររីកដូចផ្សិតនៅកម្ពុជា ហើយសេវាផ្ដល់ប្រាក់ឲ្យនិស្សិតខ្ចីដើម្បីបង់ថ្លៃសិក្សាក៏មានច្រើនដែរ។ ក្នុងន័យនេះសំនួរមួយចំនួនត្រូវបានលើកឡើង។
តើនិស្សិតខ្មែរដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សា គួរតែខ្ចីលុយស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះដើម្បីបង់ថ្លៃសាលាឬទេ? ហើយសេវាកម្មនេះមានដំណើរការបែបណាដែរ?
ឆ្លើយតបទៅនឹងសំនួរខាងលើនេះ លោក គឹម ពឺតី មានតួនាទីជាប្រធានគម្រោងនៃស្ថាប័នហិរញ្ញវត្ថុ សេ អឹម កា (CMK) ដែលមានផ្ដល់សេវាកម្ចីសិក្សាដល់និស្សិតកម្ពុជាបានលើកឡើងថា ស្ថាប័នរបស់លោកបានបើកឲ្យមានកញ្ចប់ Student loan (កម្ខីសម្រាប់និស្សិត) នេះតាំងពីដើមឆ្នាំ២០១៣មកម៉្លេះ ហើយគិតមកទល់ពេលនេះ និស្សិតដែលបានប្រើប្រាស់
សេវាកម្មនេះមានចំនួនជាង១០០នាក់ហើយ។ កញ្ចប់ថវិកាដែលខាងលោកផ្ដល់ឲ្យមានច្រើនបំផុតចំនួន៣ពាន់ដុល្លារឯណោះ ចំនួនទឹកប្រាក់នេះនិស្សិតអាចយកទៅបង់ថ្លៃសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់អនុបណ្ឌិតក៏បានដែរ។
លោកបានថ្លែងបន្ថែមទៀតថា គោលបំណងដែលស្ថាប័នលោកបង្កើតឲ្យមានសេវាផ្ដល់ប្រាក់កម្ចីសម្រាប់និស្សិតនេះឡើង គឺដើម្បីចូលរួមក្នុងការពង្រឹងការអប់រំនៅប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចំរើន ជាពិសេសចង់ផ្ដល់ឱកាសដល់និស្សិតខ្មែរមួយចំនួនដែលគាត់ពុំមានលទ្ធភាពបង់ថ្លៃសាលាបាន។
ចំពោះដំណើរការនៃការផ្ដល់ប្រាក់កម្ចីសិក្សានេះ លោក ពឺតី បានពន្យល់បន្ថែមទៀតថា និស្សិតដែលប្រើប្រាស់កម្ចីក្នុងស្ថាប័នលោក អាចសងត្រលប់មកវិញដល់ទៅ៤ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាក៏បាន បង់រំលោះតែការប្រាក់ប្រចាំខែក្នុងពេលកំពុងសិក្សា ឬអាចជ្រើសរើសបង់រំលោះទាំងដើមនិងការប្រាក់ប្រចាំខែ ខណៈពេលកំពុងសិក្សាក៏បានដែរ។ ចំពោះ
អត្រាការប្រាក់ប្រចាំខែត្រឹមតែ ១,៥% តែប៉ុណ្ណោះ។
ហើយលក្ខខណ្ឌក្នុងការខ្ចីទៀតសោត ស្ថាប័នរបស់លោក មិនផ្ដោតទៅលើវត្ថុធានាអ្វីទាំងអស់ ពោលគឺអាស្រ័យលើលទ្ធផល និងគុណតម្លៃនៃការសិក្សារបស់និស្សិតតែប៉ុណ្ណោះ។
រូបតំណាង
“បើសិនជាបានដឹងថា មានសេវាឲ្យខ្ចីលុយដើម្បីបង់ថ្លៃសាលានេះ ខ្ញុំប្រហែលជាមិនបោះបង់ការសិក្សារបស់ខ្ញុំត្រឹមនេះទេ”។ នេះជាការលើកឡើងរបស់យុវជន ហៀង កក្កដា អាយុ២៦ឆ្នាំ ជាអតីតនិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យឯកជនមួយ។
យុវជនដែលមានស្រុកកំណើតនៅខេត្តព្រៃវែងដដែលរូបនេះបានបន្ថែមទៀតថា៖ “កាលហ្នឹងដោយសារតែគ្រួសារខ្ញុំគ្មានលទ្ធភាពបង់ថ្លៃសាលា ទើបសម្រេចចិត្តឈប់រៀនត្រឹមឆ្នាំទី២ ហើយទៅស្វែងរកការងារធ្វើទាំងគ្មានសញ្ញាប័ត្រនៅក្នុងដៃបែបនេះ”។
ដោយឡែក យុវជន បញ្ញា អាយុ២២ឆ្នាំ ដែលកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានបញ្ជាក់ថា៖ “លោកបានយកកម្ចីសម្រាប់និស្សិតពីស្ថាប័នហិរញ្ញវត្ថុមួយសម្រាប់បង់ថ្លៃសាលាឆ្នាំទី៣ និងទី៤ដោយខ្លួនឯង ដោយព្រមព្រាងថានឹងបង់រំលោះមកវិញក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សា និងមានការងារធ្វើ”។
យុវជនរូបនេះបានថ្លែងបន្តថា ដោយសារតែគ្រួសារពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយបង់ថ្លៃសាលាឲ្យខ្លួន ទើបរូបគេសម្រេចចិត្តខ្ចីលុយគេសិន ណាមួយអត្រាការប្រាក់ក៏មិនថ្លៃប៉ុន្មានដែរ។ “ត្រឹមប៉ុណ្ណឹង ខ្ញុំគិតថាអាចមានលទ្ធភាពប្រើប្រាស់កម្ចីនេះបានដោយខ្លួនឯង មិនបាច់ពឹងពាក់គ្រួសារក៏បាន”៕
គួរបញ្ជាក់ផងដែរថា ស្ថាប័នដែលមានផ្ដល់សេវាកម្មប្រាក់កម្ចី សម្រាប់
បង់ថ្លៃសិក្សាដល់និស្សិតនៅខ្មែរឥឡូវមានច្រើនកន្លែងដែរ ក្នុងនោះមានទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនផ្សេងទៀត ហើយសូម្បីតែនៅតាមសាកលវិទ្យាល័យឯកជនមួយចំនួនក៏មានផ្ដល់ប្រាក់កម្ចីនេះដល់និស្សិតផងដែរ៕
ខាងលើនេះ គឺជាការលើកឡើងរបស់អ្នកជំនាញ និងនិស្សិតដែលគាត់កំពុងតែប្រើប្រាស់សេវាកម្មនេះតែប៉ុណ្ណោះ Sabay មិនហ៊ានអារកាត់ថា និស្សិតខ្មែរគួរតែជ្រើសប្រើប្រាស់ប្រាក់កម្ចីនេះ ដើម្បីបង់ថ្លៃសាលា ឬយ៉ាងណាទេ ទុកឲ្យប្រិយមិត្តជាអ្នកធ្វើការពិចារណាដោយខ្លួនឯងទៅចុះ។
អត្ថបទ៖ យិន សំបូរ