ភ្នំពេញ៖ រាជរដ្ឋាភិបាលបានរៀបចំប្រារព្ធពិធីខួប ១០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះ មហាក្សត្រ ព្រះ ករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៤ យ៉ាង មហោឡារិក ឲ្យស័ក្តសមទៅនឹងព្រះកិត្តិនាម របស់ព្រះអង្គ។
ពិធីអបអរសាទរខួប ១០ឆ្នាំ នៃការយាងគ្រង ព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ នាព្រឹកនេះ បានរៀបចំ មិទ្ទិញមហាជន មានអ្នកចូលរួម ប្រមាណជាង ២ ម៉ឺននាក់ មានមហាជនមកពីគ្រប់ខណ្ឌ, កងកម្លាំងប្រដាប់អាវុធ, យុវជនកាកបាទក្រហម, កាយឫទ្ធិ និងឥស្សរជនថ្នាក់ដឹកនាំរដ្ឋ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង តំណាងរាជធានី ខេត្តទាំង២៥។
ចំពោះអ្នកចូលរួម តម្រូវឲ្យពាក់ស្លាកសញ្ញា សម្គាល់ចេញដោយគណ:កម្មាការបុណ្យជាតិ។ នៅតាមបណ្តាខេត្ត ក្រុង ក៏បានប្រារព្ធព្រះរាជពិធីថ្វាយព្រះពរជ័យ ដល់អង្គព្រះមហាក្សត្រផងដែរ។
សម្តេចចៅហ្វាវាំង បានបន្ថែមថា នៅពេលប្រារព្ធពិធីគម្រប់ខួប នៅក្នុងព្រះបរមរាជវាំងមានកម្មវិធី ច្រើនជាងកន្លែង សាធារណៈ ដែលត្រូវធ្វើឲ្យបានសមរម្យ ដោយអស់នាម៉ឺន គ្រប់មុខមន្ត្រី អង្គទូតជាដើម ត្រូវចូលរួមអបអរសាទរ និងថ្វាយព្រះពរដល់ព្រះអង្គ។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ដែលត្រូវជាបុត្រា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចម៉ែ ព្រះ នរោត្តម មុនីនាថ សីហនុ ហើយព្រះអង្គបានយាងគ្រងព្រះបរមរាជសម្បត្តិនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។
ក្នុងរយៈពេល១០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ មុនី តែងបានបំពេញព្រះរាជកិច្ចយ៉ាងឧត្តុង្គឧត្តម ដើម្បីជាប្រយោជន៍ដល់ប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងវិស័យសង្គម កិច្ច វប្បធម៌ អប់រំ សុខាភិបាល ព្រមទាំងព្រះរាជសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀត។
ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះបារមី របស់អង្គព្រះមហាក្សត្រ បានធ្វើឲ្យប្រទេសកម្ពុជា បានបន្តនូវសុខសន្តិភាព និងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍន៍សម្រាប់ដែនដីសុវណ្ណភូមិ និងប្រជារាស្រ្តខ្មែរទាំងមូល៕
ប្រភពពី Dap-News
0 comments:
Post a Comment