ចង់​មាន​ស្បែក​ស្រស់​ថ្លា គឺ​ជា​​ចំណុច​មួយ​សំខាន់​ផង​ដែរ​​របស់​មនុស្ស​​ទូទៅ​ជា​ពិសេស​​សម្រាប់​មិត្ត​យុវវ័យ​​ចង់​បាន​ក្នុង​ការ​​ជួយ​បង្កើន​សម្រស់​របស់​ខ្លួន ក៏​ដូច​ជា​ការ​​ជួយ​បង្កើន​​​​ភាព​ទាក់ទាញ​​ផង​ដែរ​ពី​សាធារណជន​ទូទៅ។ ក៏ប៉ុន្តែ ​រឿង​មួយ​ដែល​ត្រូវ​ចោទសួរ​នៅ​ពេល​នេះ​​គឺ​ថា តើ​​គួរតែ​ទទួលទាន​អាហារ​អ្វី​ខ្លះ​ទើប​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​ដូច​ខាងលើ​​នេះ?
ខាងក្រោម​នេះ​គឺ​ជា​ប្រភេទ​អាហារ​សំខាន់ៗ​ចំនួន​១០​ប្រភេទ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​គុណប្រយោជន៍​​សំខាន់​បំផុត​ក្នុង​ការ​ជួយ​​រក្សា​ស្បែក​ឲ្យ​​ស្រស់​ស្អាត៖​
១ គ្រាប់​ធញ្ញជាតិ
ប្រិយមិត្ត​ដែល​ចង់​​ឲ្យ​ស្បែក​ស្អាត​ ត្រូវ​ពូកែ​​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ទាំងមូល​​​មក​​ទទួល​ទាន ព្រោះ​ថា គ្រាប់​ធញ្ញជាតិ​ដែល​មិន​ត្រូវ​បំបែក វា​នឹង​ផ្ទុក​សារធាតុ​ចិញ្ចឹម​​អុកស៊ីតកម្ម​ខ្ពស់​ សម្រាប់​ប្រឆាំង​ទៅ​នឹង​ការ​ខូចខាត​កោសិកា​ស្បែក។
​​២ ទឹកដោះ​ពពែ
ទឹកដោះ​ពពែ​មាន​ផ្ទុក​​សារធាតុ​​អាស៊ីដ ឡាក់ទិក ជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​វីតាមីន A និង E ។ ទន្ទឹម​នឹង​នេះ វា​ក៏​មាន​ផ្ទុក​​ទៅ​ដោយ​អាស៊ីដ Caprylic សម្រាប់​ជួយ​ធ្វើ​ឲ្យ​កម្រិត​​pH នៅ​ក្នុង​ខ្លួន​​ចុះ​ទាម ដែល​មាន​សារសំខាន់​សម្រាប់​ការពារ​ពី​​មេរោគ​បាក់តេរី​ផ្សេងៗ។
៣ គ្រាប់​សណ្ដែកដី
គ្រាប់​សណ្ដែកដី​ជា​ប្រភព​ដ៏​អស្ចារ្យ​​​នៃ​​ជាតិ​វីតាមីន​E ដែល​​ជួយ​​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ ​និង​ការពារ​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ។
៤ ប៊័រ​ (Shea Butter) ​
ប៊័រ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​សម្រាប់​​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​​ភាព​ជ្រីវជ្រួញ​នៅ​លើ​ស្បែក។ ក្រៅ​ពី​នេះ​ វា​គឺ​ជា​ភ្នាក់ងារ​មួយ​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ជា​ប្រចាំ និង​អាច​ស្រូប​យក​ចំហាយ​វិទ្យុសកម្ម​ពី​កាំរស្មី UV ទៀត​ផង។
៥ បន្លែ​ស្រស់
បន្លែ​ជា​ទូទៅ​គឺ​ជា​ប្រភព​ដ៏​សំខាន់​ដែល​ផ្ទុក​​​សារជាតិ​វីតាមីន A ​ខ្ពស់​​ជួយ​រក្សា​ស្បែក​ឲ្យ​ស្រស់​ស្អាត​និង​ក្មេង​​ដដែល។
៦ ស្រូវ​សាឡី
សារធាតុ​ដ៏​សំខាន់​មួយ​ទៀត​ជួយ​ឲ្យ​ស្បែក​​​ស្រស់​ស្អាត​​គឺ​មាន​​នៅ​ក្នុង​ស្រូវ​សាឡី ត្បិតអី​ស្រូវ​សាឡី​​ផ្ទុក​ទៅ​ដោយ​សារធាតុ​ម្សៅ​មួយ​ប្រភេទ​​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ការពារ​ពីរ​ការ​​រំខាន​នានា​មក​លើ​ស្បែក ព្រម​ទាំង​ប្រឆាំង​ទៅ​នឹង​បាក់តេរី​ផ្សេងៗ ទៀត​ផង។
៧ ផ្លែ​ក្រូច​
ផ្លែ​ក្រូច​មាន​ផ្ទុក​វីតាមីន​C ដែល​មាន​គុណប្រយោជន៍​​យ៉ាង​មហាសាល​សម្រាប់​​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម ​ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា និង​​ផ្តល់​វីតាមីន​​​សម្រាប់​រក្សា​ទម្រង់​ស្បែក​ឲ្យ​​​លូតលាស់​ល្អ​។
​៨ ស៊ុត
អ្នក​មិន​ត្រូវ​មើល​រំលង​​ស៊ុត​សត្វ​នោះ​ឡើយ ពីព្រោះ​ថា​វា​ពិត​ជា​មាន​ផ្ទុក​ប្រូតេអ៊ីន​សំខាន់ៗ​ចំនួន ៤០​ប្រភេទ​ ​សម្រាប់​ជួយ​​​​​​ឲ្យ​ស្បែក​​​​ជួសជុល​​កោសិកា​ចាស់ៗ​ដោយ​ខ្លួន​ឯង និង​ជា​ប្រភព​មួយ​រួម​ចំណែក​ដល់​សុខភាព​ស្បែក និង​ធ្វើ​ឲ្យ​ក្រចក​លូតលាស់​បាន​ល្អ។ ​
៩ អាហារ​សមុទ្រ
ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត និង​ការ​រលាក់​នៅ​លើ​ស្បែក គេ​ពិត​ជា​ត្រូវ​ការ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ អូ​មីកា ៣។ សារធាតុ​នេះ​មាន​ច្រើន​បំផុត​នៅ​ក្នុង​អាហារ​សមុទ្រ ដូច​ជា ក្ដាម​សមុទ្រ ងាវ បង្កង​ ជា​ដើម​ដែល​ប្រឆាំង​ទៅ​នឹង​រោគ​សើស្បែក។
១០ ទឹកឃ្មុំ
ការ​ទទួល​ទាន​ទឹក​ឃ្មុំ​សុទ្ធ​ជួយ​ប្រមូល​ផ្តុំ​ជាតិ​សំណើម និង​រក្សា​ស្បែក​ឲ្យ​ស្រស់​រលោង ព្រម​ទាំង​ជា​ភ្នាក់ងារ​យ៉ាង​ពិសេស​មួយ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​​បាក់តេរី​ទៀត​ផង៕
ប្រែសម្រួល៖ Narin
ប្រភព និង​រូបភាព៖ health.howstuffworks