Tuesday, December 17, 2013

អាកាសធាតុ ត្រជាក់ខ្លាំង នៅសៀមរាប លោកវេជ្ជបណ្ឌិត ផ្ដល់អនុសាសន៍ ឲ្យការពារ សុខភាព ចំពោះ កុមារ និងមនុស្ស ចាស់ជរា

E-mail Print PDF

ប្រភពមកពី Dap-news: នៅរាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ រហូតដល់ ពេញមួយថ្ងៃ ឈានចូលដល់ ព្រលប់នេះ អាកាស ធាតុនៅខេត្តសៀមរាប ហាក់មានភាព ត្រជាក់ខ្លាំងសម្រាប់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវអន្តរជាតិ ផងដែរ ។ អាកាសធាតុត្រជាក់បែបនេះ ដែលកម្រមានក្នុងប៉ុន្មាន ឆ្នាំចុងក្រោយ បានធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ភាគច្រើន ត្រូវការពាក់អាវការពារ អាកាសធាតុត្រជាក់ បែបនេះ ហើយលោកវេជ្ជបណ្ឌិត ផ្ដល់ អនុសាសន៍ ឲ្យការពារ សុខភាព ចំពោះ កុមារ និងមនុស្សចាស់ជរា ។ សូមបញ្ជាក់ថា កាលពីរាត្រី និងរំលងអធ្រាត្រថ្ងៃទី១៦ ខែឆ្នាំដដែល មានភ្លៀងបង្អុរចុះគួរសម លុះដល់រាត្រី ថ្ងៃទី១៧ មានខ្យល់ត្រជាក់បក់ខ្លាំងផងដែ។ ហើយដល់ពាក់កណ្ដាលអធ្រាត្រអាកាស ធាតុកាន់តែត្រជាក់ខ្លាំង រហូតដល់ ពេលព្រឹកព្រលឹម ដែលអ្នកធ្វើដំណើរ ដោយស្មើជើង កង់ ម៉ូតូ និងអ្នកនៅកណ្ដាលវាល បាន ទទួលរងនូវ អាកាសធាតុត្រជាក់ ស្ទើររណ្ដំថ្គាម ដែលភាគច្រើនតម្រូវឲ្យពាក់អាវធំ ការពារអាកាស ធាតុត្រជាក់ បែបនេះ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ដែលបានបង្ហាញតាម គេហ័ទំព័រ អាកាសធាតុ អន្តរជាតិ ភាគច្រើន បាន បង្ហាញថា នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦, ១៧ និង ១៨ ខែធ្នូ សីតុណ្ហភាព ជាមធ្យមប្រមាណ ២០°C (អង្សារសេ) ខ្ពស់បំផុត ២៣°C និងទាបបំផុត ១៨°C និងមានល្បឿនខ្យល់ បក់ជា មធ្យម ១៤គ.ម ក្នុងមួយម៉ោង ចំណែកឯនៅតំបន់ខ្លះ ដូចជាតំបន់ព្រៃ ភ្នំ បឹង អាចឈានដល់ សីតុណ្ហភាព ទាបបំផុត ចន្លោះពី ១៥°C  ̵ ១៦°C នៅពេលរាត្រី ។
ចំណែកក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនៅលើគេហ៏ទំព័ររបស់ខ្លួន ថា នៅថ្ងៃទី១៧ ខែធ្នូ នៅខេត្តសៀមរាប សីតុណ្ហភាព មានចន្លោះខ្ពស់បំផុត ៣០°C (អង្សារសេ) នៅពេលថ្ងៃ និង ទាបបំផុត ២០°C នៅពេលរាត្រី ។ តែទោះជាយ៉ាងណាក៏ដោយជាក់ស្ដែងនៅខេត្តសៀមរាប ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេចរ បានទទួលរងនូវ អាកាសធាតុត្រជាក់នេះហើយដែរ ។
បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានមាន ប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្អិល ថា ចំពោះអាកាសធាតុត្រជាក់អញ្ចឹង វាអាច បណ្ដាលឲ្យមានជម្ងឺផ្លូវដង្ហើម ចំពោះ កុមារ និងមនុស្សចាស់ ព្រមទាំងអ្នកដែលមានសុខភាពមិនសូវល្អផងដែរ ។ ក្នុងនោះអ្នកដែលមានជម្ងឺផ្លូវដង្ហើមស្រាប់ ក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរផងដែរ បើមិនមាន ការការពារសុខភាព ។
ហើយម្យ៉ាង វាអាចជះឥទ្ធិពលអាក្រក់ ដល់អ្នកដែលមានជំងឺហើត បញ្ហាសួត បញ្ហាបេះដូង ស្រាប់ គឺវារឹតតែ ធ្ងន់ធ្ងរ នៅពេលដែលមានអាកាសធាតុត្រជាក់បែបហ្នឹង ។ លោកបញ្ជាក់ថា អាកាសធាតុត្រជាក់ដូចព្រឹកមិញ សម្រាប់ប្រជាពលរដ្ឋខ្មែរយើង គឺត្រជាក់ហើយ ពិសេសប្រជាពលរដ្ឋដែលលោករស់នៅតាមជនបទ និង ជ្រកក្នុងផ្ទះមិនសូវគត់មត់នោះ ។
ជាអនុសាសន៍លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គួរតែគ្រប់ក្រុមគ្រួសារត្រូវមានការបង្ការ និងការពារ ពីអាកាសធាតុត្រជាក់បែបនេះ ពិសេសចំពោះ កុមារ និងមនុស្សចាស់ជរា ព្រមទាំងអ្នកដែលមានជំងឺផ្លូវដង្ហើម បញ្ហាសួត បញ្ហាបេះដូងស្រាប់ហើយនោះ ។ គឺ ឲ្យពួកគាត់ឆាប់ចូលសំរាន្ដ និងកុំឲ្យងូតទឹកត្រជាក់នៅពេលយប់ ហើយបើមានបញ្ហា ចំពោះសុខភាព សូមប្រញ៉ាប់អញ្ជើញទៅមណ្ឌលសុខ ឬ មន្ទីរពេទ្យ ដើម្បីជួប ពិភាក្សាជាមួយ លោកគ្រូពេទ្យ ពិសេសអ្នកដែលមានបញ្ហាសុខភាព មិនគួរប្រើប្រាស់ថ្នាំ ដែលគ្មានវេជ្ជ បញ្ជាត្រឹមត្រូវនោះទេ ៕

0 comments:

Post a Comment